មូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ទទួលបានមូលនិធិសប្បុរសធម៌ពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា
ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣
ភ្នំពេពញថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ - មូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ដែលជាបរធនបាលកិច្ចសង្គមទី១នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ក្រុមហ៊ុនព្រូដិនសល(ខេមបូឌា) ឡាយហ្វ៍ អីសូរិនស៍ បានផ្តល់មូលនិធិសប្បុរសធម៌ចំនួន ២០.០០០ ដុល្លារសហរដ្ឋអាមេរិក ដល់មូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សម្រាប់ចូលរួមក្នុងគម្រោងសាងសង់អាគារសិក្សាចំនួន ២ ខ្នង គឺសាលាបឋមសិក្សាសំបួរមាសស្ថិតនៅខេត្តឧត្តរមានជ័យ និងសាលាបឋមសិក្សាជោគជ័យស្ថិតនៅខេត្តព្រះវិហារ។
មូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានដំណើរការសកម្មភាពសង្គម និងមនុស្សធម៌ចាប់តាំងពីខែមិថុនាឆ្នាំ២០១៨។ បច្ចុប្បន្ន មូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានវិនិយោគចំនួន ៥៧០.០០០ ដុល្លារសហរដ្ឋអាមេរិក សាងសង់អគារសាលាបឋមសិក្សាចំនួន ៨ ខ្នង ក្នុងនោះ ចំនួន ០៣ខ្នង នៅខេត្តឧត្តរមានជ័យ ចំនួន ២ខ្នង នៅខេត្តព្រះវិហារ ចំនួន ១ខ្នង នៅខេត្តរតនគិរី ចំនួន ១ខ្នង នៅខេត្តមណ្ឌលគិរី និងចំនួន ១ខ្នង នៅខេត្តស្ទឹងត្រែង។ អគារសិក្សាទាំង ៨ ខ្នង នេះ មានកុមារកំពុងសិក្សាជាង ១.០០០ នាក់ ។ សំណង់អគារសិក្សាទំាងនេះ ស្របតាមប្លង់ស្ថាបត្យកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើពីបេតុងរឹងមាំ ក្នុងមួយខ្នងមាន ៥ បន្ទប់ និងមានបន្ទប់អនាម័យផងដែរ។ ក្នុងឆ្នាំ២០២៣ មូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ កំពុងដំណើរការសាងសង់អគារសិក្សាចំនួន ៣ ខ្នង ទៀត រួមមានសាលាបឋមសិក្សាកំពង់ពោធិ៍នៅខេត្តព្រះវិហារ សាលាបឋមសិក្សាថ្នល់ដាច់នៅខេត្តឧត្តរមានជ័យ និងសាលាបឋមសិក្សាបន្ទាយខេត្តឧត្តរមានជ័យ។
លោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានគណៈកម្មាធិការប្រតិបត្តិនៃអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានមានប្រសាសន៍ថា «យើងមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង ដែលមានអ្នកឧបត្ថម្ភជាក្រុមហ៊ុន ឫសាជីវកម្ម ដូចក្រុមហ៊ុន ព្រូដិនសលកម្ពុជា បែបនេះ។ ការជឿទុកចិត្ត និងការគាំទ្រជាលក្ខណៈក្រុមហ៊ុន ឫសាជីវកម្ម នឹងជួយមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ទទួលបានមូលនិធិកាន់តែច្រើន អាចឱ្យយើងមានលទ្ធភាពសាងសង់អគារសិក្សាបានកាន់តែច្រើនផងដែរ ជូនកុមារកម្ពុជានៅតំបន់ដាច់ស្រយាល និងក្រីក្រ ដើម្បីឱ្យកុមារទាំងនោះទទួលបានកម្រិតអប់រំថ្នាក់មូលដ្ឋានសម្រាប់ធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ខ្លួន ក្រុមគ្រួសាររបស់ខ្លួន និងសហគមន៍របស់ខ្លួន»។
លោក Sanjay Chakrabarty អគ្គនាយក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៏ថា៖ «ព្រូដិនសលកម្ពុជា មានកិត្តិយសនិងរីករាយយ៉ាងខ្លាំងដែលបានចូលរួមជាមួួយអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ក្នុងការលើកកម្ពស់ការអប់រំនៅតាមភូមិដាច់ស្រយាល និងក្រីក្រឲ្យកាន់តែមានភាពប្រសើរជាងមុន។ ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃអនាគតដ៏ល្អប្រសើរ យើងប្តេជ្ញាថានឹងធ្វើឱ្យសហគមន៍របស់យើងកាន់តែមានការអភិវឌ្ឃន៏ទៅមុខ»។
អំពីអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ
អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ជាបរធនបាលកិច្ចសង្គមទី១ ដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៧ និងចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ចកម្ពុជានៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ ហើយបានដំណើរការសកម្មភាពសង្គម និងមនុស្សធម៌ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨មក។ សកម្មភាពចម្បងរបស់អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ គឺផ្តោតលើការសាងសង់អគារសាលាបឋមសិក្សានៅតាមភូមិដាច់ស្រយាល និងក្រីក្រក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
អំពីព្រូដិនសល
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅខែមករា ឆ្នាំ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជាក្នុងការការពារនិងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ព្រូដិនសល ភីអិលស៊ី ជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅអាស៊ី និងអាហ្វ្រិក។ អាជីវកម្មរបស់យើងបានជួយឱ្យគ្រប់គ្នាទទួលបានជីវិតមួយដែលល្អប្រសើរបំផុត តាមរយៈការធ្វើឱ្យគ្រប់គ្នាមានលទ្ធភាពទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យ និងដោយការលើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុ។