តម្រូវការមូលនិធិបន្ទាន់
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣
តាងនាមឱ្យអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) និងជាប្រធានអង្គការ AJF ខ្ញុំបាទសូមជម្រាបជូនលោកអ្នកថា នៅក្នុងឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាភិបាលរបស់អង្គការ បានយល់ព្រមសាងសង់អគារបឋមសិក្សាថ្នីធ្វើអំពីថ្ម ចំនួនបីខ្នងបន្ថែមទៀត ដែលមួយខ្នងមានប្រាំបន្ទប់ មានទីតាំងនៅខេត្តព្រះវិហារ និងពីរខ្នងទៀតដែលមួយខ្នងមានប្រាំបន្ទប់ និងមួយខ្នងទៀតមានបីបន្ទប់នៅខេត្តឧត្តមានជ័យ ស្របតាមលក្ខណៈស្តង់ដារនៃក្រសួងអប់រំ យុវជន និង កីឡា។ ថវិកាសម្រាប់សាងសង់អគារសិក្សាទាំងបីខ្នងនេះ ត្រូវចំណាយយ៉ាងតិចចំនួន ១៧០.០០០ ដុល្លារអាមេរិក (មួយរយចិតសិបពាន់ដុល្លារអាមេរិក)។
អង្គការ គ្រោងនឹងចាប់ផ្តើម និងគ្រោងបញ្ចប់ការសាងសង់អគារសាលាបឋមសិក្សាទាំងបីខ្នងនេះ នៅក្នុងឆ្នាំ២០២៣ នេះ។ គម្រោងសាងសង់នេះ នឹងត្រូវគ្រប់គ្រង និងត្រួតពិនិត្យដោយផ្ទាល់ពីក្រុមវិស្វករដែលមានជំនាញ និងបទពិសោធន៍របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ សូមពិនិត្យរូបថតបច្ចុប្បន្ននៃអគារសិក្សាទាំងបី ដែលអង្គការគ្រោងនឹងជំនួសដោយអគារថ្ម ដូចខាងក្រោម៖
១) អគារសាលាបឋមសិក្សាបច្ចុប្បន្ននៅខេត្តព្រះវិហារ
២) អគារសាលាបឋមសិក្សាបច្ចុប្បន្នទាំងពីរ នៅខេត្តឧត្តមានជ័យ
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ចំពោះការចូលរួមបរិច្ចាគដោយសប្បុរសរបស់លោកអ្នក ទោះតិចតួចក្តី សម្រាប់រួមចំណែកក្នុងគម្រោងនេះ ដើម្បីជួយដល់កុមារកម្ពុជាឲ្យមានអគារសិក្សា បន្ទប់សិក្សាគ្រប់គ្រាន់ និងបរិក្ខារសិក្សាសមរម្យ ប្រកបដោយផាសុកភាព និងភាពងាយស្រួល។
ការចូលរួមបរិច្ចាគដោយសប្បុរសរបស់លោកអ្នកសម្រាប់គម្រោងនេះ គឺលោកអ្នកមានកម្មសិទ្ធិភាពលើគម្រោងនេះ និងជាវិភាគទានដ៏មានតម្លៃចំពោះតម្រូវការពិតរបស់កុមារកម្ពុជា នៅតាមតំបន់ដាច់ស្រយាល ដែលមានចំណាប់អារម្មណ៍ចង់ទទួលបានការអប់រំកម្រិតមូលដ្ឋាន។
សូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល info@ajf.org.kh ឬទូរស័ព្ទលេខ +855 23 998 777 / 430 999 (extension 11040) ដើម្បីចូលរួមបរិច្ចាគជាលុយកាក់ ឬសម្ភារៈសិក្សា តាមរយៈការបរិច្ចាគតាម Online ឬមធ្យោបាយផ្សេងៗទៀត។
សូមថ្លែងអំណរគុណចំពោះការពិចារណាចូលរួមបរិច្ចាគដើម្បីគាំទ្រដល់ពួកយើងខ្ញុំ។ យើងខ្ញុំសូមសន្យាផ្តល់គុណតម្លៃចំពោះជំនឿទុកចិត្តរបស់លោកអ្នក ហើយនិងប្រើប្រាស់ការបរិច្ចាគរបស់លោកអ្នក ដើម្បីផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់បំផុតជូនចំពោះអ្នកទទួលផលរបស់យើងខ្ញុំ។
សូមមេត្តាទទួលនូវសេចកី្ដគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។
លោក ព្រំ វិសុទ្ធ
ប្រធានគណៈកម្មការប្រតិបត្តិ