តម្រូវការមូលនិធិបន្ទាន់
តាងនាមឱ្យអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) និងប្រធានអង្គការ AJF យើងខ្ញុំសូមជម្រាបជូនលោកអ្នកថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាភិបាលរបស់អង្គការ បានយល់ព្រមសាងសង់អគារបឋមសិក្សាធ្វើអំពីថ្ម ចំនួនពីរខ្នងទៀត ដែលមួយមានទីតាំងនៅខេត្តព្រះវិហារ និងមួយទៀតនៅខេត្តមណ្ឌលគិរី ។ អគារបឋមសិក្សាមួយមានបន្ទប់រៀនចំនួនប្រាំ និងបន្ទប់ទឹកចំនួនពីរ ដែលបំពាក់ដោយតុ កៅអី និងសម្ភារផ្សេងៗទៀត ស្របតាមលក្ខណៈស្តង់ដារនៃក្រសួងអប់រំ យុវជន និង កីឡា ។ អគារសិក្សានីមួយៗអាចផ្ទុកសិស្សបានយ៉ាងហោចណាស់ ១០០នាក់ ។ ថវិកាសម្រាប់សាងសង់អគារសិក្សាទាំងពីរនេះ ត្រូវចំណាយយ៉ាងតិចចំនួន ១៦០.០០០ ដុល្លារអាមេរិក (មួយរយហុកសិបពាន់ដុល្លារអាមេរិក) ។
អង្គការ គ្រោងនឹងចាប់ផ្តើមសាងសង់អគារសាលាបឋមសិក្សាទាំងពីរនេះនៅក្នុងឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២០ ។ គម្រោងសាងសង់នេះនឹងត្រូវគ្រប់គ្រង និងត្រួតពិនិត្យដោយផ្ទាល់ពីក្រុមវិស្វករដែលមានជំនាញ និងបទពិសោធន៍ របស់អេស៊ីលីដា ។ សូមមើលរូបថតបច្ចុប្បន្ននៃអគារសិក្សាទាំងពីរ ដែលអង្គការគ្រោងនឹងជំនួសដោយអគារថ្ម ដូចខាងក្រោម ៖
(១) អគារសាលាបឋមសិក្សាបច្ចុប្បន្ននៅខេត្តព្រះវិហារ
(២) អគារសាលាបឋមសិក្សាបច្ចុប្បន្ននៅខេត្តមណ្ឌលគិរី
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ចំពោះការចូលរួមបរិច្ចាគដោយសប្បុរសរបស់លោកអ្នក ទោះតិចតួចក្តី សម្រាប់រួមចំណែកក្នុងគម្រោងនេះ ដើម្បីជួយដល់កុមារកម្ពុជាឲ្យមានអគារសិក្សា និងបរិក្ខារសិក្សាសមរម្យ ប្រកបដោយផាសុកភាព និងភាពងាយស្រួល ។
ការចូលរួមបរិច្ចាគដោយសប្បុរសរបស់លោកអ្នកសម្រាប់គម្រោងនេះ គឺលោកអ្នកមានកម្មសិទ្ធភាពលើគម្រោងនេះ និងជាវិភាគទានដ៏មានតម្លៃចំពោះតម្រូវការពិតរបស់កុមារកម្ពុជា នៅតាមតំបន់ដាច់ស្រយាល ដែលមានចំណាប់អារម្មណ៍ចង់ទទួលបានការអប់រំ ។
សូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល info@ajf.org.kh ឬទូរស័ព្ទលេខ +855 23 998 777 / 430 999 (extension 11040) ដើម្បីចូលរួមបរិច្ចាគជាលុយកាក់ ឬសម្ភារៈសិក្សា តាមរយៈការបរិច្ចាគតាម Online ឬមធ្យោបាយផ្សេងៗទៀត ។
សូមថ្លែងអំណរគុណចំពោះការពិចារណាចូលរួមបរិច្ចាគដើម្បីគាំទ្រដល់ពួកយើងខ្ញុំ ។ យើងខ្ញុំសូមសន្យាផ្តល់គុណតម្លៃចំពោះជំនឿទុកចិត្តរបស់អ្នក ហើយនិងប្រើប្រាស់ការបរិច្ចាគរបស់លោកអ្នក ដើម្បីផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់បំផុតជូនចំពោះអ្នកទទួលផលរបស់យើងខ្ញុំ ។
សូមមេត្តាទទួលនូវសេចកី្ដគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ ។
លោក ព្រំ វិសុទ្ធ
ប្រធានគណៈកម្មការប្រតិបត្តិ