សេចក្តីប្រកាសព័ត៌មាន
ថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ អង្គការ មូលនិធិ អេស៊ីលីដា-ចារឌីនសម្រាប់អប់រំ ដែលជាអង្គការមនុស្សធម៌ជួយដល់កុមារកម្ពុជាដែលរស់នៅតាមតំបន់ដាច់ស្រយាលនៅក្នុងខេត្តឧត្តមមានជ័យ, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, និងខេត្តព្រះវិហារ ឱ្យទទួលបានការអប់រំកម្រិតមូលដ្ឋាន សូមជម្រាបជូនដំណឹងដល់សប្បុរសជន និងសាធារណជន ទទួលជ្រាបថា អង្គការមូលនិធិ អេស៊ីលីដា-ចារឌីនសម្រាប់អប់រំ បានបិទបញ្ចប់គម្រោងសាងសង់សាលាបឋមសិក្សាគោកសង្កែ ដែលស្ថិតនៅក្នុងភូមិគោកសង្កែ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ហើយនឹងត្រូវរៀបចំពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់នូវអគារសិក្សានេះ នៅថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានក្មួយៗសិស្សានុសិស្ស ចំនួន ១៥០ នាក់ និងលោកគ្រូ-អ្នកគ្រូ ចំនួន ៣០ នាក់ ចូលរួមក្នុងពិធីនេះ ។
ឆ្លៀតក្នុងឱកាសនេះ អង្គការមូលនិធិ អេស៊ីលីដា-ចារឌីនសម្រាប់អប់រំ សូមគោរពថ្លែងអំណរគុណ ចំពោះសប្បុរសជន ដែលបានចូលរួមបរិច្ចាគថវិកាដ៏មានតម្លៃរួមចំណែកក្នុងគម្រោងនេះ បានធ្វើឱ្យអគារសិក្សាប្រកបដោយគុណភាព និងផាសុកភាពមួយខ្នងនេះ ផុសត្រដែតឡើង សម្រាប់ក្មួយៗសិស្សានុសិស្សនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានថ្នាក់សិក្សាសមរម្យ ផាសុខភាព និងសុវត្ថិភាព ។
ទន្ទឹមនឹងនេះដែរ ប្រសិនបើលោក-លោកស្រី មានចំណាប់អារម្មណ៍ឧបត្ថម្ភ ជាសម្ភារៈសិក្សាដល់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ក្នុងអំឡុងពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់នូវអគារសិក្សានេះ នៅថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ សូមទំនាក់ទំនងមក លោកស្រី ពៅ ទិត្យមិថុនា តាមរយៈទូរស័ព្ទលេខ ៖ ០១៥ ៩០០ ៥៦៥ ។
សូមជូនភ្ជាប់មកជាមួយនូវរូបថតអគារសិក្សា នៅក្នុងខេត្តឧត្តមមានជ័យ ដែលបានសាងសង់រួច និងអគារសិក្សាមុនការសាងសង់សម្រាប់ជាព័ត៌មាន ។