www.ajf.org.kh

តម្រូវការ​មូលនិធិ​បន្ទាន់

តាង​នាម​ឱ្យ​អង្គការ​មូល​និធិ​អេស៊ីលីដា-ចារឌីន​សម្រាប់​ការ​អប់រំ (AJF) និង​ប្រធាន​អង្គការ AJF យើង​ខ្ញុំ​សូម​ជម្រាប​ជូន​លោក​អ្នក​ថា បច្ចុប្បន្ន​នេះ ក្រុម​ប្រឹក្សា​ភិបាល​របស់​អង្គការ បាន​យល់​ព្រម​សាង​សង់​អគារ​បឋម​សិក្សា​ធ្វើ​អំពី​ថ្ម ចំនួន​ពីរ ដែល​មួយ​មាន​ទីតាំង​នៅ​ខេត្ត​ឧត្តរមានជ័យ និង​មួយ​ទៀត​នៅ​ខេត្ត​រតនគិរី ។ អគារ​បឋម​សិក្សា​មួយ​មាន​បន្ទប់​រៀន​ចំនួន​ប្រាំ និង​បន្ទប់​ទឹក​ចំនួន​ពីរ ដែល​បំពាក់​ដោយ​តុ កៅអី និង​សម្ភារ​ផ្សេងៗ​ទៀត ស្រប​តាម​លក្ខណៈ​ស្តង់ដារ​នៃ​ក្រសួង​អប់រំ យុវជន និង កីឡា ។ អគារ​សិក្សា​នីមួយៗ​អាច​ផ្ទុក​សិស្ស​បាន​យ៉ាង​ហោច​ណាស់ ១០០​នាក់ ។ ថវិកា​សម្រាប់​សាង​សង់​អគារ​សិក្សា​ទាំង​ពីរ​នេះ ត្រូវ​ចំណាយ​យ៉ាង​តិច​ចំនួន ១៣២.០០០ ដុល្លារ​អាមេរិក (មួយ​រយ​សាម​សិប​ពីរ​ពាន់​ដុល្លារ​អាមេរិក) ។

អង្គការ គ្រោង​នឹង​ចាប់​ផ្តើម​សាង​សង់​អគារ​សាលា​បឋម​សិក្សា​ទាំង​ពីរ​នេះ​នៅ​ខែធ្នូ ឆ្នាំ២០១៨ ហើយ​គ្រោង​បញ្ចប់​ការ​សាង​សង់​នៅ​ខែមិថុនា ឆ្នាំ២០១៩ ។ គម្រោង​សាង​សង់​នេះ​នឹង​ត្រូវ​គ្រប់​គ្រង និង​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​ពី​ក្រុម​វិស្វករ​ដែល​មាន​ជំនាញ និង​បទពិសោធន៍ របស់​អេស៊ីលីដា ។ សូម​មើល​រូប​ថត​បច្ចុប្បន្ន​នៃ​អគារ​សិក្សា​ទាំង​ពីរ ដែល​អង្គការ​គ្រោង​នឹង​ជំនួស​ដោយ​អគារ​ថ្ម ដូច​ខាង​ក្រោម ៖

(១) អគារ​សាលា​បឋម​សិក្សា​បច្ចុប្បន្ន​នៅ​ខេត្ត​ឧត្តរមានជ័យ


(២) អគារ​សាលា​បឋម​សិក្សា​បច្ចុប្បន្ន​នៅ​ខេត្ត​រតនគិរី


យើង​ខ្ញុំ​មាន​សេចក្តី​សោម​នស្ស​រីករាយ ចំពោះ​ការ​ចូល​រួម​បរិច្ចាគ​ដោយ​សប្បុរស​របស់​លោក​អ្នក ទោះ​តិច​តួច​ក្តី សម្រាប់​រួម​ចំណែក​ក្នុង​គម្រោង​នេះ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​ឲ្យ​មាន​អគារ​សិក្សា និង​បរិក្ខារ​សិក្សា​សមរម្យ ប្រកប​ដោយ​ផាសុកភាព និង​ភាព​ងាយ​ស្រួល ។

ការ​ចូល​រួម​បរិច្ចាគ​ដោយ​សប្បុរស​របស់​លោក​អ្នក​សម្រាប់​គម្រោង​នេះ គឺ​លោក​អ្នក​មាន​កម្ម​សិទ្ធ​ភាព​លើ​គម្រោង​នេះ និង​ជា​វិភាគទាន​ដ៏​មាន​តម្លៃ​ចំពោះ​តម្រូវការ​ពិត​របស់​កុមារ​កម្ពុជា នៅ​តាម​តំបន់​ដាច់​ស្រយាល ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ទទួល​បាន​ការ​អប់រំ ។

សូម​ទំនាក់ទំនង​តាម​រយៈ​អ៊ីម៉ែល info@ajf.org.kh ឬ​ទូរស័ព្ទ​លេខ +855 23 998 777 / 430 999 (extension 11040) ដើម្បី​ចូល​រួម​បរិច្ចាគ​ជា​លុយ​កាក់ ឬ​សម្ភារៈ​សិក្សា តាម​រយៈ​ការ​បរិច្ចាគ​តាម Online ឬ​មធ្យោបាយ​ផ្សេងៗ​ទៀត ។

សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​ពិចារណា​ចូល​រួម​បរិច្ចាគ​ដើម្បី​គាំទ្រ​ដល់​ពួក​យើង​ខ្ញុំ ។ យើង​ខ្ញុំ​សូម​សន្យា​ផ្តល់​គុណ​តម្លៃ​ចំពោះ​ជំនឿ​ទុក​ចិត្ត​របស់​អ្នក ហើយ​និង​ប្រើ​ប្រាស់​ការ​បរិច្ចាគ​របស់​លោក​អ្នក ដើម្បី​ផ្តល់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​ជូន​ចំពោះ​អ្នក​ទទួល​ផល​របស់​យើងខ្ញុំ ។

សូម​មេត្តា​ទទួល​នូវ​សេចកី្ដ​គោរព​ដ៏​ខ្ពង់​ខ្ពស់​អំពី​យើង​ខ្ញុំ ។

លោក ព្រំ វិសុទ្ធ
ប្រធាន​គណៈ​កម្មការ​ប្រតិបត្តិ

 »  ព័ត៌មាន  »  តម្រូវការ​មូលនិធិ​បន្ទាន់
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ២   ចំនួនអ្នកទស្សនាថ្ងៃនេះ : ៩៦   ចំនួនអ្នកទស្សនាពីម្សិល : ១៨៩