www.ajf.org.kh

តម្រូវ​ការ​មូលនិធិ​សម្រាប់​គម្រោង​បន្ត​បន្ទាប់

តាង​នាម​ខ្ញុំ​ជា​ប្រធាន​អង្គការ​មូលនិធិ​អេស៊ីលីដា-ចារឌីន​សម្រាប់​ការ​អប់រំ (AJF) ខ្ញុំ​មាន​កិត្តិយស និង​ក្តី​សោមនស្ស សូម​អនុញ្ញាត​ជម្រាប​ជូន​លោក​អ្នក​ថា ឥឡូវ​នេះ​យើង​ខ្ញុំ​បាន និង​កំពុង​ចាប់​ផ្តើម​ធ្វើ​ការ​សាង​សង់​សាលារៀន​ចំនួន​ពីរ​ខ្នង​ទៀត នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា ។ នៅ​ខែមិថុនា ឆ្នាំ២០១៩ ក្រុម​ប្រឹក្សា​ភិបាល​របស់ AJF បាន​បែង​ចែក​មូលនិធិ និង​អនុម័ត​លើ​ការ​សាង​សង់​អគារ​សាលា​បឋម​សិក្សា​ចំនួន​ពីរ​ខ្នង​បន្ថែម​ទៀត ។

អគារ​ទាំង​ពីរ​នេះ នឹង​ត្រូវ​បាន​សាង​សង់​ឡើង​តាម​ការ​រចនា​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​ក្រសួង ។ ក្រសួង​បាន​ចូល​រួម​នៅ​ក្នុង​ដំណើរការ​នេះ ដើម្បី​ធានា​បាន​នូវ​ការ​គាំទ្រ​រយៈពេល​វែង​របស់​រាជ​រដ្ឋា​ភិបាល សម្រាប់​បរិក្ខារ​សាលារៀន ព្រម​ទាំង​ការ​ផ្តល់​គ្រូ​បង្រៀន សម្ភារ​បង្រៀន​សម​ស្រប ហើយ​និង​កម្មវិធី​បង្រៀន​ដែល​ចាំ​បាច់ ។

សាលារៀន​ចំនួន​២ខ្នង​បន្ទាប់ មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្តមណ្ឌលគិរី ។ ទីតាំង​ទាំង​នេះ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជា​មួយ​សាខា​ធនាគារ អេស៊ីលីដា នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​មណ្ឌលគិរី អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​អប់រំ យុវជន និង​កីឡា ។

អគារ​ទាំង​នេះ​ត្រូវ​បាន​សាង​សង់​ដោយ​បេតុង ដែក និង​ឥដ្ឋ ដើម្បី​ជំនួស​រោង​ដោល​ទ្រុឌ​ទ្រោម ធើ្វ​អំពី​ឈើ​ក្នុង​ពេល​បច្ចុប្បន្ន ។ អគារ​សិក្សា​ថ្មី​នីមួយៗ​មាន​ថ្នាក់​រៀន ៥បន្ទប់ រួម​ទាំង​បន្ទប់​ទឹក ហើយ​នឹង​ត្រូវ​បំពាក់​ដោយ​គ្រឿង​សង្ហារឹម​សិក្សា​ស្តង់ដារ ស្រប​តាម​ការ​កំណត់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ សាលារៀន​នីមួយៗ​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ទទួល​សិស្សា​នុសិស្ស ១០០នាក់ និង​មាន​ទំហំ​ស្រប​តាម​តម្រូវការ​របស់​សហគមន៍​មូលដ្ឋាន ដោយ​មាន​ការ​ឯកភាព​ពី​អាជ្ញាធរ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ។

ថវិកា​ដែល​ត្រូវ​ការ​សម្រាប់​ការ​សាង​សង់​សាលា​បឋម​សិក្សា​នីមួយៗ ស្រប​តាម​ការ​រចនា​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​អស់​ប្រហែល ៧៥.០០០ ដុល្លារ​អាមេរិក ។ តម្លៃ​ចុង​ក្រោយ​សម្រាប់​សាលារៀន​នីមួយៗ​នឹង​ផ្អែក​លើ​ទីតាំង កម្លាំង​ពលកម្ម ព្រម​ទាំង​ការ​ចំណាយ​ទៅ​លើ​ជាង និង​សម្ភារ​សំណង់ ។

អង្គការ AJF បាន​ចាប់​ផ្តើម​សាង​សង់​អគារ​សាលា​បឋម​សិក្សា​ទាំង​ពីរ​នេះ​នៅ​ក្នុង​ឆ្នាំ២០១៩ ហើយ​គ្រោង​បញ្ចប់​ការ​សាង​សង់​នៅ​ខែមិថុនា ឆ្នាំ២០២០ ។ គម្រោង​សាង​សង់​នេះ ត្រូវ​បាន​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​ពី​ក្រុម​វិស្វករ​ដែល​មាន​ជំនាញ និង​បទពិសោធន៍​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ តាម​រយៈ​វិធីសាស្រ្ត​នេះ អង្គការ AJF ធានា​ថា​រាល់​ថវិកា​ដែល​បាន​ចំណាយ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សាង​សង់​សាលា​រៀន និង​សម្រេច​បាន​នូវ​គោល​បំណង​ចម្បង​នៃ​ការ​ផ្តល់​ជូន​កុមារ​កម្ពុជា​ទាំង​អស់​នូវ​ឱកាស​នៃ​ការ​អប់រំ ។

សូម​ពិនិត្យ​មើល​រូបថត​នៃ​អគារ​សិក្សា​នៅ​តំបន់​ជន​បទ​ដាច់​ស្រយាល​ក្នុង​ប្រទេស​កម្ពុជា ដែល​អង្គការ AJF បាន​កំណត់​ជ្រើសរើស ដើម្បី​សាង​សង់​ជំនួស​ជូន​វិញ​ដោយ​អគារ​ធ្វើ​អំពី​ថ្ម ស្រប​តាម​ការ​ឯកភាព​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។ ដូច​ដែល​លោក​អ្នក​មើល​ឃើញ​ស្រាប់​ហើយ សាលារៀន​ជា​ច្រើន​ទៀត​នៅ​តំបន់​ជន​បទ​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់ ដូច្នេះ​សូម​មេត្តា​ចូល​រួម​ផ្តល់​ជំនួយ ប្រសិន​បើ​លោក​អ្នក​អាច​ធ្វើ​ទៅ​បាន ។

សូម​មេត្តា​ទទួល​នូវ​សេចកី្ដ​គោរព​ដ៏​ខ្ពង់​ខ្ពស់​អំពី​យើង​ខ្ញុំ ។

លោក ព្រំ វិសុទ្ធ
ប្រធាន​គណៈកម្មការ​ប្រតិបត្តិ

 »  ព័ត៌មាន  »  តម្រូវ​ការ​មូលនិធិ​សម្រាប់​គម្រោង​បន្ត​បន្ទាប់
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ២   ចំនួនអ្នកទស្សនាថ្ងៃនេះ : ១២   ចំនួនអ្នកទស្សនាពីម្សិល : ៣៥